កុំយល់ច្រឡំ បទចម្រៀងនាគព័ន្ធអស់ពិស មិនមែនលោកស៊ិន ស៊ីសាមុត អ្នកច្រៀងទេ
«នាគព័ន្ធអស់ពិស» អ្នកណាម្ចាស់សំនៀង ? អ្នកណានិពន្ធទំនុកច្រៀង ? ថតឆ្នាំណា ?
មកដល់ថ្ងៃនេះ នៅតែមានអ្នកស្តាប់ជាច្រើនចុចមកសួរខ្ញុំថា តើអ្នកណាជាម្ចាស់សំនៀងនៃបទ«នាគព័ន្ធអស់ពិស» ? ។ រីឯអ្នកខ្លះមិនដឹងដំណើររឿង ក៏នាំគ្នាស្មាន និងយកបទនេះទៅកាត់តបង្ហោះក្នុងYoutube ព្រោងព្រាតហើយសរសេរថា ច្រៀងដោយលោក ស៊ីន ស៊ីសាមុតទៅវិញ ។ ការពិតម្ចាស់សំនៀងចម្រៀងដ៏ពិរោះនិងល្បីល្បាញ តែព្រឺឆ្អឹងខ្នងនេះគឺលោក ចឹក សៀងសំណង ឯណោះទេ មិនមែនជាសំឡេងលោក ស៊ីន ស៊ីសាមុតឡើយ ។
លោក ចឹក សៀងសំណង ជាអ្នកខេត្តកំពង់ចាម ហើយទើបចូលប្រឡូកក្នុងអាជីពសិល្បៈពីឆ្នាំ ១៩៩៥ តែប៉ុណ្ណោះ ។ កាលនោះលោកបានប្រឡងជាប់លេខ១ ក្នុងពិធីប្រឡងចម្រៀងទូទាំងប្រទេសដែលប្រារព្ធធ្វើក្នុងឆ្នាំ ១៩៩៥ នៅស្ទីឌីយោទូរទស្សន៍ជាតិ ។ ចំណែកបេក្ខនារីដែលជាប់លេខ១ គឺអ្នកស្រី គឹម សុគន្ធា ដែលច្រៀងបទ«ថ្ងៃលិចអូនស្រណោះ» របស់អ្នកស្រី រស់ សេរីសុទ្ធា ឡើងវិញនោះឯង ។ ចាប់ពីពេលនោះមកហើយដែលលោក ចឹក សៀងសំណង មានឈ្មោះក្នុងវិស័យតន្រ្តី ដោយត្រូវបានផលិតកម្មនានាជួលមកច្រៀងដាក់ស៊ីឌី ជាហូរហែរដូចជាផលិតកម្មអង្គរវត្ត ផលិតកម្មកម្មករ ផលិតកម្មរស្មីតាន់តាន់ ផលិតកម្មហ្គោលដិនសោន និងផលិតកម្មថតស៊ីឌីទៅលក់នៅក្រៅស្រុកជាច្រើនទៀត ។ រហូតមកដល់ឆ្នាំ ២០០០ ក្រសួងវប្បធម៌រួមជាមួយទូរទសន៍ធំមួយ(ដូចជាTVបាយ័ន?) បានរៀបចំការប្រឡងចម្រៀងសម័យថ្នាក់ជាតិ«ឆ្លងសហសវត្ស» ដ៏ធំមួយ គឺអបអរការឈានចូលឆ្នាំ ២០០០ ឬឈានចូលស-វទី២១ កាលនោះលោក ចឹក សៀងសំណងក៏បានដាក់ពាក្យប្រឡងនឹងគេ ហើយលោកក៏បានជាប់លេខ១ម្តងទៀតដោយច្រៀងបទ «ជីវិតអ្នករត់តាក់ស៊ី» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក សង អក្ខរា ។

តាមរយៈសំនៀងដ៏ពីរោះ និងជាប់លេខ១ស្ទួនរយៈ៥ឆ្នាំម្តងនេះ នាំឲ្យកេរ្តីឈ្មោះលោកចឹក សៀង សំណង កាន់តែទទួលនូវការចាប់អារម្មណ៏ពីមហាជន ។
កាលនោះឈ្មោះលោកមានភាពល្បីល្បាញគួរសម ពិសេសក្រោយពីលោក ឡោ សារិត ស្លាប់បាត់ទៅក្នុងឆ្នាំ ១៩៩៩ ដោយគ្រោះថ្នាក់ចរាចរណ៍នៅចាក់អង្រែ ។ ចំណែកអ្នកនិពន្ធនានាដែលតែងចម្រៀងឲ្យលោកច្រៀងរួមមាន លោក គង្គ ប៊ុនឈឿន លោក សង អក្ខរា និងលោក ខ ក ថ ។ ប៉ុន្តែប្រហែលមួយឆ្នាំឬពីរឆ្នាំក្រោយមក ស្រាប់តែគេបាត់សំឡេងលោក ហើយក៏មិនដែលឃើញលោកឡើងច្រៀងតាមកម្មវិធីទូរទស្សន៍ទៀត...។ មូលហេតុនៃការមិនបង្ហាញខ្លួននិងសំឡេងនេះក៏ព្រោះតែចម្រៀងមួយបទដែលពេលនោះកំពុងល្បីមែនទែន គឺបទ«នាគព័ន្ធអស់ពិស» នោះឯង ។ បទនេះច្រៀងប្រហែលចេញលក់អំឡុងឆ្នាំ ១៩៩៨-៩៩ ក្នុងវ៉ុល «ទឹកភ្នែកខ្មែរកម្ពុជាក្រោម»ច្រៀងដោយកញ្ញា ទូច ស៊ុននិច ។ កាលនោះបទទាំងនេះវិទ្យុនានាមិនហ៊ានចាក់ផ្សាយទេ ហើយតាមឆាកទូរទស្សន៍ក៏គ្មានអ្នកណាចម្រៀងណាហ៊ានយកទៅច្រៀងដែរ ព្រោះខ្លឹមសាររៀបរាប់យ៉ាងឈឺចាប់ពាក់ព័ន្ធនឹងការ់បាត់បង់ទឹកដីកម្ពុជាក្រោមនិងតំបន់ព្រំដែនខាងលិច(ជាប់ថៃ)ផងដែរ ។ ថ្វីបើគេមិនហ៊ានចាក់ផ្សាយជាសាធារណៈ ប៉ុន្តែតាមផ្ទះប្រជាពលរដ្ឋគេចាក់ស្តាប់ហូរហែ ។ អ្វីដែលនាំឲ្យបទនេះកាន់តែល្បីថែមទៀត គឺគ្រានោះត្រូវបាន «វិទ្យុសំបុកឃ្មុំ» របស់លោក ម៉ម សូណង់ដូរ យកទៅចាក់រាល់ថ្ងៃហើយប្រកាសឈ្មោះលោករាល់ថ្ងៃដែរ ។

ម្យ៉ាងទៀតបទនេះគឺស៊ីគ្នានឹងសភាពការណ៍ព្រំដែនក៏មានការពុះកញ្ជ្រោល ពិសេសពេលដែលគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី មានប្រជាប្រិយភាពខ្ពស់ ហើយតវ៉ារឿងព្រំដែនជាប់ជាប្រចាំ ។ បូករួមនឹងរឿងរ៉ាវអសន្តិសុខគ្រានោះមានការកើតឡើងនូវករណីបាញ់បោះនានាកើតជាហូរហែផង ក៏នាំឲ្យលោក ចឹក សៀងសំណង បាត់សំឡេង លែងហ៊ានចេញមុខច្រៀងទៀត ។ ពេលនោះអ្នកខ្លះគិតថា លោកបានរត់ទៅក្រៅប្រទេស តែការពិតគឺលោកវិលទៅកំពង់ចាមវិញ ហើយសម្ងំរកស៊ីលក់បាយ គុយទាវជាមួយប្រពន្ធលោករហូតមកដល់សព្វថ្ងៃ ។ សួរថា តើអ្នកណាជាអ្នកនិពន្ធទំនុកច្រៀងបទនេះ ? ចំពោះឈ្មោះអ្នកនិពន្ធនេះ គឺលោក«ខ ក ថ»(អក្សរកាត់) ។ លោកជាអតីតម្ចាស់ផលិតកម្មកម្មករកាលពីចុងទ-វទី៨០និងដើមទ-វទី៩០ ។ សព្វថ្ងៃលោកក៏កំពុងរស់នៅស្រុកខ្មែរផងដែរ តែដូចជាផ្អាកការនិពន្ធទៅហើយដោយសារទីផ្សារគ្មានហាងឆេងចំពោះស្នាដៃអ្នកនិពន្ធល្អៗបែបនេះទេ គឺគេពេញនិយមឬគាំទ្រតែចម្រៀងណាមានបែបផែនសន្តានរបៀបអ្នកនិពន្ធ«កណ្តៀវអូនស្រួយ»ប៉ុណ្ណោះ។ ដូច្នេះដើម្បីសុវត្ថិភាពរបស់លោក ខ្ញុំសូមបង្ហាញអក្សរកាត់តែប៉ុនណ្ណឹងចុះ តែអ្នកស្គាល់លោកពិតជាដឹងឈ្មោះពេញរបស់លោកមិនខាន ។ រីឯអ្នកសម្រួលតន្រ្តីដឹកនាំថតបទនេះគឺលោក អ៊ុក សំអាត តន្រ្តីករវាយស្គរជើងចាស់តែម្តង តែលោកប្រាប់ថា លោកជាអ្នកដឹកភ្លេងប៉ុណ្ណោះ ឯអ្នកនិពន្ធលោកក៏សុំមិននិយាយឈ្មោះដែរ ។ អ្វីដែលខ្ញុំចង់បកស្រាយពេលនេះគឺសូមកុំយល់ច្រឡំទៀតថាបទនេះជាសំនៀងលោក ស៊ីន ស៊ីសាមុត គឺលោក ចឹក សៀងសំណង ឯណេះទេ ។ អ្នកណាចង់ជួបលោក ទៅកំពង់ចាមចុះ ចូលញ៉ាំបាយ គុយទាវនៅហាងលោកទៅ ឃើញគាត់នៅទីនោះហើយ តែខ្ញុំមិនច្បាស់ថានៅស្រុកណាទេ បើអ្នកណាដឹង Comment ប្រាប់ផង ។ សង្ខេបប៉ុណ្ណឹងចុះ ខ្លាចលោកអ្នកខ្ជិលអាន ។ ដោយក្តីគោរពពីខ្ញុំ សេង តារា ៕

0 Comments