Subscribe Us

header ads

សាយ័ណ្ហព្រាត់ ឬ កូនស្រីអ្នកនេសាទប្រវត្តិស្នេហារបស់កវីស្ទឹងសង្កែរ គង្គ ប៊ុនឈឿនកាលយុវវ័យ...



បទ សាយ័ណ្ហព្រាត់ ឬ កូនស្រីអ្នកនេសាទ» ប្រវត្តិដ៏កំសត់នៃក្រមុំភូមិបាក់ព្រា និងជាកម្រងប្រវត្តិស្នេហារបស់លោក គង្គ ប៊ុនឈឿនកាលយុវវ័យ...

បើនិយាយដល់បទ "សាយ័ណ្ហព្រាត់ស្នេហ៍" អ្នកណាក៏ស្គាល់ដែរព្រោះជាបទដ៏ពីរោះនិងកំសត់គួរឲ្យជក់ចិត្តដែលបកស្រាយដោយធីតាម្ចាស់កោះអន្លង់ស្នេហ៍ រស់ សេរីសុទ្ធា នៅឆ្នាំ ១៩៧៤ ។ យោងតាមសៀវភៅ«កំណាព្យស្នេហ៍មាស» របស់លោក គង្គ ប៊ុនឈឿន បានសរសេរប្រវត្តិនិងដំណើររឿងដែលនាំឲ្យលោកនិពន្ធបទនេះថា ៖ ភូមិបាក់ព្រាគឺជាភូមិមួយស្ថិតនៅក្នុងឃុំកោះជីវ័ង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាភូមិចុងកាត់មាត់ញកស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សាពន់ប្រមាណ ។ 
កាលពីសម័យសង្គមរាស្រ្តនិយមមានទូកដខ្លះដឹកអ្នកដំណើ់រតាំងពីភូមិព្រែកហ្លួងរហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ។ ក្រោយមកទើបមានទូកម៉ាស៊ីន ឬកាណូតឡើងចុះរហូតទៅដល់ព្រែកទាល់ទន្លេសាប ។ លោក គង្គ ប៊ុនឈឿន បានសរសេរបន្តថា ៖ កាលនៅរៀនពីក្មេង លោកធ្លាប់ទៅលេងភ្លេងក្នុងពិធីបុណ្យផ្កាប្រាក់នៅភូមិបាក់ព្រានេះ ហើយបានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះ ទើបចាប់កត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគុំនៃក្រមុំស្រុកទន្លេដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។ កាលនោះ ទំនុកបទនេះលោកគ្រាន់តែកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុប៉ុណ្ណោះ ។ 



លុះមកដល់ឆ្នាំ ១៩៧៤ ទើបលោករៀបចំតាក់តែងទំនុកច្រៀងឡើងវិញហើយបានថតផ្សាយនៅឆ្នាំនោះតែម្តង ។ បទនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង ។ មិនតែប៉ុណ្ណោះវាក៏បានក្លាយជានិម្មិតរូបនៃខ្សែជីវិតពិតៗរបស់បុប្ផាដងស្ទឹងបាក់ព្រានេះផងដែរ ព្រោះក្រោយមកលោកក៏បានរចនាសាច់រឿងនោះនិពន្ធចេញជាប្រលោមលោកមួយឈ្មោះថា«កូនស្រីអ្នកនេសាទ» ។ កវីម្ចាស់ស្ទឹងសង្កែបានរៀបរាប់បន្តថា អ្នកស្រី រស់ សេរីសុទ្ធាដែលអ្នកផងតែងប្រសិទ្ធិនាមថា«ព្រលឹងស្ទឹងខៀវ»បាននិយាយប្រាប់លោកនៅពេលថតបទនេះក្នុងស្ទីឌីយោថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះនិងធ្លាប់មានបេះដូងប្រេះឆាដូចបុប្ផាបាក់ព្រានេះផងដែរ ។នេះជាបទមួយដែលលោកសរសេរប្លែកពីគេគឺបរិយាយពីស្នេហាព្រាត់ប្រាស់នៅលើភូមិដ្ឋានមួយដែលមើលទៅឃើញតែលំហរទឹកល្ហល្ហាចប្រៀបដូចជាទន្លេទឹកភ្នែកនារីដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្តីស្មោះត្រង់របស់នាងឡើយ ។ លោកគង្គ ប៊ុនឈឿន សរសេរបញ្ចប់ចុងក្រោយថា បទនេះអ្នកដែលមិនដឹងចេះតែនាំគ្នាហៅថា«វាសនាភូមិបាក់ព្រា» ឬ«ឱ!ភូមិបាក់ព្រា» ឬ «កូឡាបភូមិប្រាក់ព្រា» តែការពិតគឺបទ«កូនស្រីអ្នកនេសាទ»ទៅវិញទេ ។




...ប៉ុន្តែ ថ្វីបើលោកគង្គ ប៊ុនឈឿន បកស្រាយអំពីចំណងជើងថា «កូនស្រីអ្នកនេសាទ»នេះក៏ពិតមែន តែនៅលើសំបកកាស្សែត«ពស់មាសលេខ៣»ដែលបទនេះត្រូវបានគេយកទៅបញ្ចូលជាមួយបទផ្សេងៗជាសា្នដៃរបស់កវីចម្រុះដូចជាលោក ម៉ា ឡៅពី លោក នូ ញ៉ុង និងលោក ស៊ីន ស៊ីសាមុតជាដើមផងនោះ គេសរសេរចំណងជើងថា«សាយ័ណ្ហព្រាត់ស្នេហ៍»មិនមែន«កូនស្រីអ្នកនេសាទ»ឡើយ ។ ម្យ៉ាងទៀត អ្នកសម្រួលតន្រ្តីបទនេះក៏មិនមែនលោក មែរ ប៊ុន ដូចលោកគង្គ ប៊ុនឈឿន សរសេរក្នុងសៀវភៅរបស់លោកដែរ គឺលោក នូ ញ៉ុង ឯណោះទេ និងប្រគុំដោយវង់ភ្លេងបាយ័នតន្រ្តី ថតលក់ឲ្យហាងកាស្សែត«ពស់មាស» របស់លោក សោម សុផៃ ដោយមានលោក ហេ ជុនសិ ជាអ្នករត់ការចែងចែងទៅទៅ ដូចជាហៅក្រុមវង់ភ្លេង ជួលមេភ្លេង កក់ស្ទីឌីយោនិងណាត់ថ្ងៃថតជាដើម ។ សង្ខេបប៉ុណ្ណឹងចុះ ខ្លាចលោកអ្នកខិ្ជលអាន ។ ដោយក្តីគោរពពីខ្ញុំ សេង តារា ៕



ប្រភព៖ សេង តារា

Post a Comment

0 Comments